ក្រុម Manchester City បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Kayky អាយុ ១៧ ឆ្នាំមកពីក្លឹបប្រេស៊ីល Fluminense ក្នុងតម្លៃប្រហែល ៩ លានផោន (១២ លានដុល្លារ) បូករួមទាំងថ្លៃឯកសារ ។ កីឡាករវ័យក្មេងរូបនេះនឹងបន្តស្ថិតនៅក្នុងប្រទេសប្រេស៊ីលរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០២១ មុនពេលផ្លាស់ទៅលេងឲ្យ Man City ជាផ្លូវការ ។

កីឡាកររូបនេះមានឈ្មោះពេញ Kayky da Silva Chagas ហើយបើប្រៀបធៀបទៅនឹង Neymar រូបគេទើបតែបង្ហាញខ្លួនជាលើកដំបូងសម្រាប់ឈុតធំនៅរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែត្រូវបាន Man City តាមឃ្លាំមើលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

Kayky បានស៊ុតបញ្ចូលទី ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៩ លើករបស់គាត់ប៉ុន្តែគាត់បានបង្ហាញពីសក្តានុពលដ៏អស្ចារ្យរបស់គាត់ជាមួយនឹងគ្រាប់បាល់ Solo ពេលលេងទល់នឹងក្លឹប Nova Iguacu កាលពីដើមខែកន្លងទៅនេះ ។

Kayky គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងពានរង្វាន់ Brasileirao សម្រាប់យុវជនអាយុក្រោម ១៧ ឆ្នាំដោយរូបគេរកបាន ១២ គ្រាប់ និងធ្លាប់លេង ឲ្យក្រុមជម្រើសជាតិប្រេស៊ីលនៅអាយុក្រោម ១៦ ឆ្នាំផងដែរ ។

លោក Guilherme Torres គ្រូបង្វឹករបស់ Fluminense បានឲ្យដឹងថា៖“ Kayky គឺជាកីឡាករម្នាក់ដែលលេចធ្លោជាពិសេសទាក់ទងនឹងការលេងទល់នឹងខ្សែការពារមួយទល់នឹងមួយក៏ដូចជាគុណភាពក្នុងការបញ្ចប់ទីរបស់គាត់ ។

“ គាត់ក៏មានភាពវាងវៃផងដែរក្នុងការស្វែងរកកន្លែងទំនេរនៅលើទីលានហើយមានសមត្ថភាពខ្ពស់ក្នុងការជួយដល់មិត្តរួមក្រុមរបស់គាត់។

“លើសពីនេះទៀតគាត់មានចិត្តចង់ឈ្នះជាមួយនឹងការប្រកួតប្រជែងខ្ពស់ផ្នែកបញ្ញាស្មារតីដែលវាមានសារៈសំខាន់ណាស់សម្រាប់អ្នកលេងអាជីព ។ ភាពអត់ធន់របស់គាត់បាននឹងកំពុងរីកចម្រើនស្របគ្នាជាមួយនឹងភាពចាស់ទុំរបស់គាត់ ហើយគាត់ក៏កំពុងរៀនពីរបៀបយកឈ្នះគ្រប់ឧបសគ្គដែលនឹងកើតមានកំឡុងពេលប្រកួត” ។

កីឡាករវ័យក្មេងរូបនេះត្រូវគេមើលឃើញថានឹងដើរតាមយុវជនប្រេស៊ីលមួយចំនួនដែលបានផ្លាស់ទៅ Man City កាលពីប៉ុន្មានឆ្នាំថ្មីៗនេះតួយ៉ាងដូចជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Palmeiras គឺ Gabriel Jesus ដែលកំពុងទទួលបានភាពជោគជ័យបំផុត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here