ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ត្រូវបានកំណត់ខណៈដែលក្រុម Real Madrid ត្រូវជួបជាមួយ Chelsea និងក្រុម Manchester City ត្រូវជួបប្រកួតជាមួយក្រុមរងជើងឯករដូវកាលចាស់ Paris Saint-Germain ។ គួររំលឹកថាមុនមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ Real Madrid បានទម្លាក់ Liverpool, Chelsea យកឈ្នះ FC Porto, Man City បានផ្តួលក្រុម Borussia Dortmund និង PSG សងសឹកបានសម្រេចទៅលើ Bayern Munich ដែលជាក្រុមការពារជើងឯង ។ លោក Rob Dawson, Sid Lowe និង Derek Rae មកពីទូរទស្សន៍ ESPN បានក្រឡេកទៅមើលស្ថិតិរបស់ក្រុមខ្លាំងទាំងបួនខាងលើ ហើយធ្វើការវិភាគដូចតទៅ៖

លោក Rob Dawson៖ “យើងមិនអាចមើលរំលង Manchester City បាននោះទេ ព្រោះក្នុង ៣០ប្រកួតចុងក្រោយនេះពួកគេឈ្នះដល់ទៅ ២៨ប្រកួតទៅហើយ ។ និយាយពីប្រព័ន្ធការពារពួកគេពិតជាធ្វើបានល្អជាងរដូវកាលមុនឆ្ងាយណាស់ ចំនែកប្រព័ន្ធប្រយុទ្ធក៏បានបន្តរកគ្រាប់បាល់ឥតឈប់ឈរទោះជានៅពេលលោក Pep ប្រើខ្សែប្រយុទ្ធបម្រុងក៏ដោយ ។ សំខាន់ជាងនេះពួកគេលេងដោយគ្មានភាពភ័យស្លន់ស្លោអីបន្តិចសោះ ។ ការលេងទល់នឹង Dortmund គឺជា៉​ឧទាហរណ៍ដ៏ត្រឹមត្រូវមួយ ។ City ត្រូវម្ចាស់ផ្ទះនាំមុខមុននៅកីឡាដ្ឋាន Signal Iduna នារាត្រីថ្ងៃពុធ ប៉ុន្តែពួកគេនៅតែលេងដោយទំនុកចិត្ត និងធ្វើការវាយបកបានសម្រេច ។ ប្រាកដណាស់ ហេតុផលទាំងអស់នេះនឹងធ្វើឲ្យក្រុមកំពូលតារាងមកពីអង់គ្លេសមួយនេះកាន់តែមានភាពជឿជាក់ហើយបន្តឈ្នះវា ។”

រូបតំណាង ប្រភព BT Sport

លោក Sid Lowe៖ “ក្នុងចំណោមបួនក្រុមនេះ​ មនុស្សភាគច្រើននឹងយល់ថា Real Madrid ជាក្រុមដែលមានលទ្ធភាពខ្ពស់ជាងគេ ម៉្យាងទៀតពួកគេក៏រីករាយដែលពួកគេមិនបានជួបក្រុមខ្លាំងដូចជា PSG, Bayern ឬ City កាលពីវគ្គមុនៗ ។ ហើយជាកាពិតនៅដើមរដូវកាលនេះម៉ាឌ្រីដធ្វើមិនសូវបានល្អទេ ប៉ុន្តែពួកគេនៅតែជាក្រុមដេលមានខ្សែបម្រើល្អលើសគេដូចជា Luka Modric Toni Kroos Casemiro និងFede Valverde ។ លើសពីនេះពួកគេថែមទាំងមានអ្នកចាំទីនិងខ្សែប្រយុទ្ធលំដាប់កំពូលដូចជា Thibaut Courtois និង Karim Benzema ។ ភាពម៉ត់ចត់បាននាំមកឲ្យពួកគេវិញនូវប្រព័ន្ធការពារដ៏រឹងមាំដែលពួកគេមានការខ្វះខាតកាលពីដើមរដូវកាល ប៉ុន្តែសំណួរគឺថា៖ តើពួកគេនឹងការពារបានល្អកម្រិតណាបើសិនគ្មាន Ramos? ទាំងអស់នេះគឺមានតែពួកគេទេដែលដឹងខ្លួនឯងច្បាស់ ហើយខ្ញុំគិតថាពួកគេនិងដោះស្រាយវាបាននៅពេលជួបបញ្ហា ។”

រូបតំណាង ប្រភព BT Sport

លោក Darek Rae៖ “ខ្ញុំមើលឃើញថាវាជា Champions League របស់ Manchester City ។ ពួកគេគឺជាក្រុមដែលមានភាពពេញលេញជាងគេក្នុងចំណាមក្រុមដែលនៅសល់ហើយពួកគេមានការប្ដេជ្ញាចិត្តខ្ពស់ខ្លាំងណាស់ ។ មែនហើយ គុណភាពនៃការលេងរបស់ពួកគេពិតជាបានស្ដែងអោយឃើញនៅប្រកួតទល់នឹង Dortmund ហើយគ្រប់យ៉ាងត្រូវបានបញ្ចប់ដោយភាពអស្ចារ្យរបស់ Phil Foden ។ ប៉ុន្តែពួកគេនឹងធ្វើការងារធ្ងន់ជាងនេះទល់នឹង PSG ។ យើងបានមើលការប្រកួតជើងទីមួយរបស់ PSG ទល់នឹង Bayern ហើយក៏ដឹងច្បាស់ថាសមត្ថភាពផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗស្ថិតនៅកម្រិតណា ចំនុចនេះខ្ញុំពិតជាមិនអាចស្រមៃឃើញថារវាង PSG-City លទ្ធផលនឹងទៅជាបែបណានោះទេ ។ ការវាយបកដ៏សាហាវរបស់ PSG តាមរយៈ Kylian Mbappe និងមិត្តរួមក្រុមរបស់គេ នឹងក្លាយជាការងារដ៏ធ្ងន់ធ្ងរសម្រាប់ Ruben Dias និង John Stones ។ ងាកមក Chelsea និង Real Madrid វិញ វាប្រហែលជាគួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកខ្លះ ព្រោះខ្ញុំគិតថា Chelsea ជាក្រុមដែលមានលទ្ធភាពខ្ពស់ជាង ។ ខ្ញុំមិននិយាយពីការចាញ់ជើងទី ២ របស់ពួកគេទល់នឹង Porto នោះទេ ។ ខ្ញុំមានអារម្មណ៍ថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរារាំងខ្សែបម្រើដ៏ឆ្នើមរបស់ Madrid និងអាចធ្វើការវាយបកវិញតាមរបៀបមួយដែល Liverpool មិនអាចធ្វើបានកាលពីជើងទី ១ របស់ពួកគេ។ លើសពីនេះតោខៀវអាចមានកីឡាកបម្រុងដែលមានគុណភាពល្អជាងគេផងក៏ថាបាន ។”

LEAVE A REPLY

Please enter your comment!
Please enter your name here