វាពិតជារឿងដ៏ខកចិត្តមួយសម្រាប់ Brighton និងអ្នកគាំទ្រទាំងឡាយ ។ ក្រុមរបស់លោក Graham Potter យ៉ាងហោចណាស់គួរតែទទួលបាន១ពិន្ទុដែរប៉ុន្តែគ្រប់យ៉ាងក៏រលាយបាត់ទៅវិញ ។
បន្ទាប់ពីលោកអាជ្ញាកណ្តាល Chris Kavanagh បានផ្លុំកញ្ចែចុងក្រោយ គាត់ត្រូវបានណែនាំដោយ VAR ឱ្យមើលឡើងវិញនូវចំនុចដែលគេសង្ស័យថាកីឡាករ Neal Maupay បានយកដៃទៅប៉ះបាល់ដោយចេតនានៅក្នុងប្រអប់គ្រោះថ្នាក់ ។
ប្រាកដណាស់បន្ទាប់ពីបានពិនិត្យមើលវីដេអូឡើងវិញគាត់ក៏សំរេចផ្ដល់បាល់ប៉េណាល់ទៅManchester United ។ វាពិតជាខកចិត្តខ្លាំងណាស់សម្រាប់ Brighton ។

មានការជជែកវែកញែកជាច្រើនជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការបន្តការប្រកួតឡើងវិញបន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយទៅហើយ ។ ទោះជាយ៉ាងណាក្ដី លោក Kavanagh ពិតជាបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយខាងក្រោមនេះគីជាមូលហេតុ៖
យោងតាមគេហទំព័រ GOAL បានអោយដឹងថា Man Utd ទទួលបានការពិន័យពីព្រោះកំហុសនៃការយកដៃទៅប៉ះបាល់របស់កីឡាករ Neal Maupay បានកើតឡើងមុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ដែលអាចអោយ VAR ធ្វើការត្រួតពិនិត្យឡើងវិញទៅលើហេតុការនោះ ។
ការប្រកួតត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមឡើងវិញបន្ទាប់ពីការត្រួតពិនិត្យ VAR ទោះបីជាមានការផ្លុំកញ្ចែដើម្បីបង្ហាញពីការបញ្ចប់នៃការប្រកួតក៏ដោយ។

ក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) បានអោយដឹងថា “មិនមានពេលវេលាកំណត់សម្រាប់ដំណើរការពិនិត្យឡើងវិញនោះទេព្រោះការសម្រេចចិត្តដែលត្រឹមត្រូវវាសំខាន់ជាងការសម្រេចចិត្តអោយបានលឿន” ។
“ដំណើរការពិនិត្យឡើងវិញគួរតែត្រូវបានបញ្ចប់ប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបានប៉ុន្តែភាពត្រឹមត្រូវនៃការសម្រេចចិត្តចុងក្រោយគឺជារឿងសំខាន់។

អាជ្ញាកណ្តាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការផ្ដល់បាល់ពិន័យ
លើសពីនេះ អាជ្ញាកណ្តាលអាចចាត់វិធានការ ផ្លាស់ប្តូរ ឫដកហូតនូវវិន័យណាមួយ (ក្នុងករណីដែលសមស្រប) ហើយចាប់ផ្តើមលេងឡើងវិញដោយយោងទៅតាមច្បាប់នៃការប្រកួត។ “
ដូច្នេះគ្រប់យ៉ាងពិតជាបានដំណើរការយ៉ាងត្រឹមត្រូវ ហើយវាមិនបានធ្វើឱ្យគ្រប់គ្នាខកចិត្តទេ ៕
