កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Barcelona Luis Suarez ត្រូវគេរាយការណ៍ថាបានរួមគំនិតជាមួយគណៈកម្មការក្នុងការរៀបចំ ឫទិញលទ្ធផលទុកមុន កំឡុងពេលរូបគេធ្វើការប្រលងចូលសញ្ជាតិអ៊ីតាលី ។

ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋអាជ្ញាសាធារណៈក្រុង Perugia បានឲ្យដឹងថា Suarez បានប្រឡងភាសាអ៊ីតាលីកាលពីថ្ងៃទី១៧ ខែកញ្ញា សម្រាប់ការចូលសញ្ជាតិ ហើយតាមការរយៈការស៊ើបអង្កេត Suarez បានដឹងវិញ្ញាសាមុន ហើយពិន្ទុក៏ត្រូវបានរៀបចំទុកមុនដែរ។ នៅថ្ងៃនេះដែរ ខាងប៉ូលិសហិរញ្ញវត្ថុ និងខាងរដ្ឋអាជ្ញា កំពុងតែរៀបចំឯកសារក្នុងវែកមុនជនពាក់ព័ន្ធក្នុងបទល្មើសមួយនេះ។

ក្រៅពីនេះទៀតមានកាសែតអ៊ីតាលីបានចុះផ្សាយពីសំឡេងសន្ទនានៃមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលឃុបឃិតលើករណីនេះ។
មានសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងថា ប្រសិនបើ Suarez បានសញ្ជាតិអ៊ីតាលី នោះពេលកីឡាកររូបនេះទៅ Juventus ក្នុងនាមជាកីឡាករសហភាពអឺរ៉ុប ដែលនឹងធ្វើឲ្យក្លឹបចំណេញបានកៅអីកីឡាករក្រៅទ្វីបអឺរ៉ុប។
សូមបញ្ជាក់ផងដែរថា Suarez មានប្រពន្ធសញ្ជាតិអ៊ីតាលី ហេតុដូច្នេះតាមច្បាប់អ៊ីតាលី កីឡាកររូបនេះមានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិបានក្រោយរៀបការ ២ឆ្នាំ (បើស្នាក់នៅក្នុងប្រទេសអ៊ីតាលី) និង ៣ឆ្នាំ (សម្រាប់រស់នៅក្រៅប្រទេស)។ ប្រសិនបើបំពេញលក្ខខ័ណ្ឌនេះបាន នោះគេនឹងត្រូវការមានចំណេះដឹងលើផ្នែកភាសាអ៊ីតាលីកម្រិត B1 ឬ កម្រិតមធ្យម៕