យោងតាមរបាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ បានឲ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona បានទាក់ទងទៅកាន់គ្រូបង្វឹកលោក Pep Guardiola ក្នុងរយ:ពេលប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ ដើម្បីធ្វើការពិភាក្សាពីការផ្លាស់ប្តូរមួយទៅលេងនៅឯក្រុម Manchester City ។

ជាក់ស្តែងកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹប Barcelona មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបគេបានស្នើសុំចង់បានការចាកចេញមួយនៅរដូវក្តៅនេះ ។

រំលឹកថា Messi ធ្លាប់មានរដូវកាលដ៏ល្អបំផុតមួយនៅឯទឹកដី Camp Nou ក្រោមការដឹកនាំ របស់ក្រូបង្វឹកលោក Guardiola នៅចន្លោះរដូវកាល ២០០៩-២០១២ ខណ:ពួកគេក៏បានឈ្នះពានរង្វាន់ជាច្រើនជាមួយគ្នាផងដែរ ។

ហើយយ៉ាងណាមិញបើយោងតាមលោក Xavi Campos បានធ្វើការបញ្ជាក់ថាតារាឆ្នើមអាហ្សង់ទីន បាននិយាយទៅកាន់លោក Guardiola ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ អំពីលទ្ធភាពនៃការផ្លាស់ប្តូរទៅកាន់ទឹកដី Etihad ។

មិនតែប៉ុណ្ណោះ Messi ត្រូវបានគេយល់ទៀតថា រូបគេចង់បង្ហាញពីបំណងរបស់ខ្លួន ក្នុងការដើរចេញពីក្រុម Barca ទៅគ្រូបង្វឹកលោក Pep Guardiola ចំពេលដែលក្រុម Man City ក៏កំពុងរង់ចាំឱកាសពិសេសមួយ ដើម្បីធ្វើការផ្តល់ជូនសំណើចុះហត្ថលខាលើខ្សែប្រយុទ្ធរូបនេះ ពីក្លឹប Barca ផងដែរ ។

លើសពីនេះក្លឹប City ក៏គ្រោងចំណាយប្រាក់ប្រហែល ៣០០ លានផោននៅរដូវក្តៅនេះផងដែរ ដើម្បីត្រៀមរៀបចំបង់ថ្លៃសេវាផ្សេងៗសម្រាប់ Messi បើទោះបីកីឡាករអាហ្សង់ទីន អាចចាកចេញពីក្លឹបអេស្ប៉ាញដោយគ្មានតម្លៃខ្លួនក៏ដោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here